អាជ្ញាធរកម្ពុជា បណ្ដេញជនជាតិថៃលួចស្នាក់នៅខុសច្បាប់ចំនួន ៦៥នាក់ ចេញពីប្រទេស និងទទួលពលរដ្ឋខ្មែរសរុប ៧៩នាក់ ត្រឡប់មកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

admin By admin September 9, 2026

បន្ទាយមានជ័យ៖ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានសម្រេចបណ្ដេញជនជាតិថៃ ចំនួន ៦៥នាក់ (ស្រី ២៨នាក់) ចេញពីប្រទេស ក្រោយពីពួកគេលួចស្នាក់នៅខុសច្បាប់ និងបានអនុវត្តទោសចប់សព្វគ្រប់តាមផ្លូវច្បាប់ ព្រមទាំងបានទទួលពលរដ្ឋខ្មែរ សរុប ៧៩នាក់ ក្នុងនោះស្រី ២៦នាក់ និងកុមារ ១០នាក់ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីសំណាក់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ ព្រមទាំងកម្លាំងពាក់ព័ន្ធខេត្តសៀមរាប និងអាជ្ញាធរដែនដី។

បន្ទាប់ពីបញ្ចប់នីតិវិធីប្រគល់-ទទួល ជនជាតិថៃទាំងនោះ ត្រូវបានបញ្ជូនឆ្លងដែនត្រឡប់ចូលទឹកដីថៃវិញតាមច្រកអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ប្រកបដោយសុវត្ថិភាព។ចំណែកពលរដ្ឋកម្ពុជា ដែលត្រូវអាជ្ញាធរថៃបញ្ជូនមកនោះ សមត្ថកិច្ចកម្ពុជាយើងបានយកចិត្តទុកដាក់ ដោយបានចែកអាហារសម្រន់មានបាយសាច់ជ្រូក និងទឹកបរិសុទ្ធ ជូនដល់ពួកគាត់គ្រប់ៗគ្នា បន្ទាប់មកក៏បានដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រីនៃមណ្ឌលសុំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្តផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *