កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ មន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឃ្លោក នួយ អភិបាលរងខេត្ត លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការគ្រប់រូប។
នាឱកាសនោះលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានថ្លែងរបាយការណ៍សង្ខេប ស្ដីពីការងារសម្រេចបានរួមមាន៖ ១, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់ជារួមក្នុងត្រីមាសទី៣ សម្រេចបាន ៤៦.៩% និង៩ខែ សម្រេចបាន ៧៧.៦៨%។ ២, លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ជារួមសម្រេចបានក្នុងត្រីមាសទី៣ សម្រេចបាន ២៥% និង៩ខែ សម្រេចបាន ៦៧.៦%។ ៣, ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ជារួមសម្រេចបានក្នុងត្រីមាទី៣ សម្រេចបាន ២០.៨២% និង៩ខែ សម្រេចបាន ៥៩.៧%។ ៤, លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ជារួមសម្រេចបានក្នុងត្រីមាសទី៣ សម្រេចបាន ៣៥% និង៩ខែ សម្រេចបាន ៨៨.៣%។ ៥, ការគ្រប់គ្រងស្ថាប័នកិច្ចការរដ្ឋបាលទូទៅ និងឌីជីថល ជារួមសម្រេចបានក្នុងត្រីមាទី៣ សម្រេចបាន ២៨.៣% និង៩ខែ សម្រេចបាន ៨២.៥%។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ តែងតែបានផ្ដល់នូវការគាំទ្រយ៉ាងសកម្មដល់សកម្មភាពនានារបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង-ស្រុក ឃុំ-សង្កាត់ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលធ្វើឲ្យខេត្តមានការរីកចម្រើនក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក៏ដូចជាគ្រប់វិស័យទាំងអស់មានការប្រែប្រួលមុខមាត់ប្រកបដោយមោទនភាព។
ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើនកញ្ចប់ថវិកាជំរុញការបណ្ដុះបណ្ដាលបច្ចេកទេស ធនធានមនុស្ស និងមធ្យោបាយដល់មន្ទីរអភិវឌ្ឍន៍ជនបទ តាមសំណូមពរសំដៅឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងខេត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាពតាមកម្មវិធីទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” រួមចំណែកអនុវត្តឱ្យបានជោគជ័យនៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថលឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញយ៉ាងច្បាស់លាស់ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥” ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ប្រកបដោយថាមវន្តរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕













