ភ្លៀងមួយមេយ៉ាងធំ បណ្ដាលឲ្យសាលារៀន ផ្ទះប្រជាពលរដ្ឋ និងផ្លូវមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រងការលិចលង់

admin By admin September 22, 2026

(បន្ទាយមានជ័យ) សាលារៀន ផ្ទះប្រជាពលរដ្ឋ និងផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតរងការលិចលង់ ក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីវេលារំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។ គិតត្រឹមល្ងាចថ្ងៃខែដដែល ទឹកហាក់បីដូចជាមិនសូវស្រក់ទាល់តែសោះ ពោលគឺស្រក់យឺតៗ រីឯមេឃខ្មៅងងឹតកលរកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រែងភ្លៀងបន្តធ្លាក់ទៀតនោះនឹងអាចលិចចូលផ្ទះសំបែងរបស់ពួកគាត់។

ពលរដ្ឋលើកឡើងថា ទឹកហូរយឺតនេះទំនងស្ទះប្រព័ន្ធលូ ដែលផ្ដើមចេញពីកាកសំណល់ដែលពលរដ្ឋមួយចំនួនបោះចោលពាសវាពាសកាល ឬក៏ធ្លាក់ចេញពីធុងសំរាម នៅពេលភ្លៀងធ្លាក់មកធ្វើឲ្យហូរច្រោះចូល ទើបបណ្ដាលឲ្យស្ទះ ទឹកហូរមិនទាន់ ។ទោះបីជាកន្លងមកនេះអាជ្ញាធរមូលដ្ឋានបានស្ដារតាមបណ្ដោយផ្លូវចំណុចសំខាន់ៗយ៉ាងណាក្តី បើពលរដ្ឋមួយចំនួនតូចមិនចូលរួមសហការសំអាតអនាម័យ បរិស្ថាន វេចខ្ចប់ដាក់ធុងសំរាមឲ្យបានត្រឹមត្រូវទេនោះ នៅពេលភ្លៀងធ្លាក់ម្ដងៗ ពិសេសផ្ទួនៗគ្នា ប្រាកដណាស់ហើយ អាចនឹងលិចលង់ធ្ងន់ធ្ងរជាងនេះ ។

ពាក់ព័ន្ធករណីនេះដែរកន្លងមកអាជ្ញាធរមូលដ្ឋានធ្លាប់ផ្តល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មានយើងតាមទូរសព្ទថា ដោយសារក្រុងប៉ោយប៉ែតយើងមានការអភិវឌ្ឍច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់និងអាគារស្នាក់នៅ ផ្ទះល្វែងជាដើម សាងសង់ឥតឈប់ឈរគ្រប់ទីកន្លែង ដូច្នេះពលរដ្ឋដាក់គ្រឿងសម្ភារៈសំណង់ដូចជា ដែក ថ្ម ឥដ្ឋគ្រោះ ខ្សាច់ជាដើម នៅលើចិញ្ចើមផ្លូវ បិតផ្លូវទឹក ឬក៏ហូរច្រោះចូលក្នុងប្រព័ន្ធលូទើបបណ្ដាលឲ្យស្ទះ ។
ដូច្នេះដើម្បីកាត់បន្ថយការស្ទះប្រព័ន្ធលូ និងជន់លិច ស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ សំអាតអនាម័យបរិស្ថាន ដោយវេចខ្ចប់កាកសំណល់ផ្សេងៗដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យទីក្រុងយើងមានសុភ័ណភាពស្រស់ស្អាត គួរឱ្យចង់រស់នៅ ៕

Leave a Reply

Your email address will not be published. Required fields are marked *