កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា បានចាប់ឃាត់ខ្លួនជនសង្ស័យ លួចកាត់ខ្សែភ្លើង កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបុរីសុខស្រេង២ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត របស់ជនរងគ្រោះឈ្មោះ ឡេង សេងហ៊ាង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅបុរីខាងលើ។
ក្រោយពីទទួលបានបណ្តឹងខាងលើលោកវរសេនីយ៍ត្រី គង់រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុ បានធ្វើការទទួលនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ីតទីផានគិតចាកានភីរុន ហៅក្រៅ ផាន ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិថៃ រួមទាំងដកហូតវត្ថុតាងដែលប្រព្រឹត្តបទល្មើសរួមមាន៖ ១.ដែកកែច្នៃអក្សរតេ(T)ប្រវែង២២សង់ទីមែត្រ ចំនួន០១ដើម, ២.កាំបិតកណណ្តៀវ ប្រវែង៣០សង់ទីម៉ែត្រ ចំនួន០១ដើម, ៣.ទួឡឺវីស ចំនួន០២ដើម, ៤.សោតាន់កែងអក្សរ(L) ចំនួន០១ដើម, ៥.បំពង់សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,៦.កាបូបស្ពាយ ចំនួន០១ ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។ ចំណែកបក្ខពួកមួយទៀតបានគេចខ្លួន។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕




