អភិបាលខេត្តប៉ៃលិន ប្រកាសដល់ប្រជាពលរដ្ឋនៅជិតដងស្ទឹង និងអូរ មានការប្រុងប្រយ័ត្នខ្ពស់ពីទ្រព្យសម្បត្តិនិងក្មេងៗតូចៗ ខណ:មេឃនៅតែបន្តភ្លៀងខ្លាំងមិនឈប់
(ប៉ៃលិន) រយះពេល៣ទៅ៤ថ្ងៃនេះ ភ្លៀងធ្លាក់ខ្លាំងហើយនៅរសៀលថ្ងៃទី២៤ ខែកញ្ញានេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងធ្វើឲ្យទឹកនៅតាមដងស្ទឹងនិងតាមអូរ ហក់ឡើងខ្លាំងជាការព្រួយបារម្ភទើបអភិបាលខេត្តអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នូវទ្រព្យសម្បត្តិនិងថែទាំក្មេងកុំឲ្យចុះលេងទឹកព្រោះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងមិនឈប់ ក្រែងជន់លេចបង្កទៅជាជំនន់លិចលង់។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជម្រាបជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋមានទីលំនៅជិតមាត់អូរ ដងស្ទឹង សូមមេត្តាមានការប្រុងប្រយ័ត្ន រៀបចំទុកដាក់ទ្រព្យសម្បត្តិត្រៀមអោយរួចជាស្រេច ព្រោះកំរិតទឹកស្ទឹងហក់ឡើងខ្ពស់ អាកាសធាតុភ្លៀងនៅតាមជ្រលងភ្នំនៅតែបន្ត ធ្លាក់ ក្រុមការងារជួយសង្គ្រោះគ្រប់លំដាប់ថ្នាក់ប្រចាំការនៅមូលដ្ឋានកំពុងតាមដាន និងនៅជិតពុកម៉ែបងប្អូនគ្រប់វិនាទី។
ជាមួយគ្នាអាជ្ញធរមូលដ្ឋានក៍បានរៀបចំកម្លាំងត្រៀមចុះជួយសម្រួលដល់បងប្អូនក្រែងមានជំនន់នេះកើតឡើងព្រោះទឹកស្ទឹងប៉ៃលិន កំពុងហក់ឡើងខ្លាំងគួរឲ្យព្រួបារម្ភ។
សូមជម្រាបជូនផងដែរថា ទឹកស្ទឹងប៉ៃលិន គឺហូរចូលទៅស្ទឹងបវេល ស្រុកបរវេល ខេត្តបាត់ដំបង ហើយបន្តធ្លាក់ទៅ ស្ទឹងមង្គលបូរី ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ៕




