ពលរដ្ឋផ្អើលដណ្ដើមគ្នាដួសប្រេង ក្រោយពីរថភ្លើងដឹកប្រេងក្រុមហ៊ុន តេលាកម្ពុជា បើកធ្លាក់ផ្លូវក្រឡាប់អស់០៤ស៊ីទែន
(បាត់ដំបង) រថភ្លើងដឹកប្រេងម៉ាសូត និងសាំង០១ខ្សែរបស់ក្រុមហ៊ុនតេលាកម្ពុជា បានបើកផុងផ្លូវបណ្តាលអោយក្រឡាប់ធ្លាក់អស់០៤ស៊ីទែនហ៊ាប្រេងពេញវាលផ្អើលដល់ពលរដ្ឋរាប់រយនាក់មកដណ្តើមគ្នាដួស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវដែកបាត់ដំបង-បន្ទាយមានជ័យ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា រថភ្លើង០១ខ្សែខាងលើ ដឹកប្រេងសាំង និងម៉ាសូត របស់ក្រុមហ៊ុនតេលាកម្ពុជាជាច្រើនស៊ីទែនធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញឆ្ពោះទៅកាន់ស្ថានីយប្រេងឥន្ធនៈបឹងព្រីង) លុះធ្វើដំណើរមកដល់ត្រង់ចំណុចខាងលើក៏បានផុងផ្លូវបណ្តាលអោយក្រឡាប់ធ្លាក់ទូចេញពីផ្លូវអស់ចំនួន០៤ទូ ហូរប្រេងម៉ាសូតពេញវាលអស់០៣ស៊ីទែនផ្អើលដល់ពលរដ្ឋរាប់រយនាក់មកដណ្តើមគ្នាដួស ចំណែកប្រេងសាំងមួយស៊ីទែនផ្សេងទៀតមិនមានហៀរចេញនោះឡើយ។
ក្រោយពេលកើតហេតុវត្តមានថ្នាក់ដឹកនាំ ក្នុងមូលដ្ឋាន ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលជំនាញបានចុះមកជួយអន្តរាគមន៍សំរួលចរាចរណ៍និងបិទផ្លូវកុំអោយមានម៉ូតូនិងរថយន្តបើកឆ្លងកាត់បន្ទាប់មកក្រុមការងាររបស់ក្រុមហ៊ុនបានទំនាក់ទំនងយករថយន្តមកបូមប្រេងដែលនៅសេះសល់ចេញដើម្បីធ្វើការស្ទូចយកទូនិងស៊ីទែនប្រេងឡើងវិញផងដែរ ៕








