គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Scam Online រកឃើញអ្នកពាក់ព័ន្ធចំនួន០៣នាក់ រួមនិងវត្ថុតាងមួយចំនួន

admin By admin September 21, 2026

បន្ទាយមានជ័យ ៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្ត តំណាងខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរ ដោយលោក ស្រេង សុផល អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងកម្លាំងកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សោ វុទ្ធី ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ត នាវេលាម៉ោង១០និង៤០នាទីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យជាក់ស្តែងទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Scam Online) ចំនួន០១ ទីតាំង នៅចំណុចផ្ទះជួលភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ព្រមទាំងបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៣នាក់ ។

ក្នុងប្រតិបត្តិការ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត និងក្រុងសិរីសោភ័ណ បានរកឃេីញវត្ថុតាងរួមមាន ពាក់ព័ន្ធមួយចំនួនរួមមាន ៖ កុំព្យូទ័រ All in one ចំនួន ០៣គ្រឿង, ទូរស័ព្ទដៃចម្រុះចំនួន ០៣គ្រឿង ប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើកោសល្យវិច័យ។
ចំណែកអ្នកពាក់ព័ន្ធ០៣នាក់ (ស្រី០២នាក់) ត្រូវបានប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីសាកសួរទៅតាមនីតិវិធី។ នៅវេលាដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុងសិរីសោភ័ណ ក៏បានបន្តធ្វើរដ្ឋបាលចំនួន២ ទីតាំងទៀត តែពុំមានអ្វីគួរអោយកត់សម្គាល់ឡេីយ៕

Leave a Reply

Your email address will not be published. Required fields are marked *