អភិបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងបានណែនាំពលរដ្ឋប្រុងប្រយ័ត្ន ចំពោះកូនចៅតូច ជាពិសេសសត្វអាសិរពិស

admin By admin September 25, 2026

បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀង ធ្វើឱ្យតំបន់មួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង ហេីយអាជ្ញាធរបានធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់អូរព្រំដែន ក៏ដូចជាតំបន់មួយចំនួនដែលប្រឈម ទឹកជំនន់ ទៅរកទីទួលមានសុវត្ថិភាព។
ជាក់ស្តែងនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនិងទីតាំងមួយចំនួនដែលប្រឈមនឹងការលិចលង់ដោយសារជំនន់ទឹកភ្លៀង។

ជាមួយគ្នានោះឯកឧត្ដម អភិបាល ខេត្ត ក៏បានធ្វើការដល់នាំ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលប្រឈមជាមួយនឹងជំនន់ទឹកភ្លៀង ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវរៀបចំសម្ភារៈចាំបាច់ សម្រាប់ធ្វើការបំលាស់ទីទៅកាន់ទីសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំជូន។ 
មួយវិញទៀត ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ជាពិសេសត្រូវប្រុងប្រយ័ត្នកូនចៅតូចៗកុំបណ្ដែតបណ្ដោយឱ្យលេងទឹក ក្រែងកេីតមានគ្រោះថ្នាក់ជាយថាហេតុណាមួយកេីតមានឡេីង។  

ជាវិធានការបន្ត ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការជំរុញណែនាំទៅដល់រដ្ឋបាលក្រុង-ស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់បន្តតាមដានស្ថានភាពទឹកនៅតាមតំបន់ដែលប្រឈម ពិសេសប្រសិនបេីស្ថានភាពទឹកនៅបន្តកើនឡើង ត្រូវធ្វើការជូនដំណឹងទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវចាត់កម្លាំងជុំអន្តរាគមន៍ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីតាំងសុវត្ថិភាព ឱ្យបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *