អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំទីទួលសុវត្ថិភាពបន្ថែមជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខណៈទឹកជំនន់វាយប្រហារធ្ងន់ធ្ងរកើនឡើងដល់ ៦ ក្រុង-ស្រុក
បន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះប្រតិបត្តិការអន្តរាគមន៍បន្ទាន់ ដើម្បីរៀបចំទីទួលសុវត្ថិភាពបន្ថែម ជាច្រើនទីតាំង និងសង់ជម្រកបណ្តោះអាសន្ន(ផ្សារចិនខ្មៅ)ជូនប្រជាពលរដ្ឋ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ សកម្មភាពឆ្លើយតបយ៉ាងក្តៅគគុកនេះ ធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងរីករាលដាលដល់ ៦ ក្រុង-ស្រុករួមមាន (ក្រុងសិរីសោភ័ណ ប៉ោយប៉ែត អូរជ្រៅ ម៉ាឡៃ ភ្នំស្រុក និងមង្គលបូរី) ដោយប៉ះពាល់ពលរដ្ឋ ៣,៥៦២ គ្រួសារ (ស្មើនឹង ១៤,៥៣១ នាក់) ខណៈទឹកស្ទឹងសិរីសោភ័ណបានហក់ឡើងដល់ ៧.៦៥ ម៉ែត្រ ស្ថិតក្នុងកម្រិតប្រកាសអាសន្ន។
នៅក្នុងបេសកកម្មសង្គ្រោះទាំងយប់ទាំងថ្ងៃនេះ កម្លាំងចម្រុះរួមមានកងយោធពលខេមរភូមិន្ទ នគរបាល និងកងរាជអាវុធហត្ថ បានដឹកជញ្ជូនសម្ភារ សង់តង់ ព្រមទាំងរៀបចំប្រព័ន្ធទឹកស្អាត ភ្លើងអគ្គិសនី និងអនាម័យនៅទីទួលសុវត្ថិភាព ដើម្បីសម្រួលការស្នាក់នៅជូនជនរងគ្រោះ។ គិតត្រឹមរសៀលថ្ងៃអង្គារនេះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរចំនួន ១,៦៦៣ គ្រួសារ (ស្មើនឹង ៦,១៦៥ នាក់ ក្នុងនោះមានស្ត្រី ៣,០១៦ នាក់ និងកុមារ ១,០១១ នាក់) មកកាន់ទីតាំងសុវត្ថិភាពដោយជោគជ័យ ខណៈទឹកនៅស្ទឹងស្ពានស្រែង អូរបីជាន់ និងអូរស្ពាន ក៏កំពុងបន្តកើនឡើងគួរឱ្យបារម្ភ។
យោងតាមរបាយការណ៍ផ្លូវការពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គ្រោះមហន្តរាយនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមានដីស្រូវរងផលប៉ះពាល់ ១៧,០០៦ ហិកតា (រួមទាំងស្រូវទើបដាំដុះ ៤១៦ ហិកតា) ដំឡូងមី ៦៥ ហិកតា ដំណាំរួមផ្សំ ២ ហិកតា និងសត្វពាហនៈ ៦០ ក្បាល។ ជាមួយគ្នានេះ ទឹកជំនន់បានលិចលង់សាលារៀន ១៥ កន្លែង វត្តអារាម ៨ កន្លែង មណ្ឌលសុខភាព ៣ កន្លែង និងច្រោះដាច់ផ្លូវសាធារណៈចំនួន ២៥៧ ខ្សែ (ប្រវែងសរុប ១៣០,៤៨៩ ម៉ែត្រ)។
ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចម្រុះ បន្តឈរជើងប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង នៅតាមទីទួលសុវត្ថិភាព ដើម្បីសម្រួលការរស់នៅ ផ្តល់ស្បៀងអាហារ ថែទាំសុខភាព និងការពារសន្តិសុខជូនពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងតំបន់ទាប ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងប្រញាប់ផ្លាស់ទីមកកាន់ទីទួលសុវត្ថិភាពដែលបានរៀបចំជូនជាបន្ទាន់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

















