អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើដ៏ធំមួយក្បាលអំឡុងពេលទឹកជំនន់ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះកម្លាំងមូលដ្ឋាន បានសហការជាមួយប្រជាពលរដ្ឋ ចុះអន្តរាគមន៍ និងចាប់បានសត្វក្រពើដ៏ធំមួយក្បាលដោយជោគជ័យ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង ខណៈដែលស្ថានភាពទឹកជំនន់នៅតែបន្តលិចលង់យ៉ាងខ្លាំងនៅក្នុងតំបន់ ដោយសារលំហូរទឹកយ៉ាងគំហុកដែលនៅតែបន្តហូរធ្លាក់មកពីប្រទេសថៃ។
ក្រោយប្រតិបត្តិការចាប់សត្វរពើនេះបានដោយសុវត្ថិភាព កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ បានប្រគល់ និងដឹកជញ្ជូនសត្វក្រពើមួយក្បាលនេះ យកទៅរក្សាទុកនៅទីតាំងដែលមានសុវត្ថិភាពខ្ពស់ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការអនុវត្តវិធានការបន្តទៅតាមនីតិវិធីបច្ចេកទេស។ ការអន្តរាគមន៍ទាន់ពេលវេលានេះ ត្រូវបានធ្វើឡើងដើម្បីធានាសន្តិសុខ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុដល់អ្នកភូមិនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។
ពាក់ព័ន្ធនឹងបាតុភូតធម្មជាតិនេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានធ្វើការអំពាវនាវជាបន្ទាន់ដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក្នុងអំឡុងពេលដែលទឹកជំនន់កំពុងកើនឡើងខ្លាំង។ ជាមួយគ្នានេះ អាជ្ញាធរក៏បានរំលឹកដល់អាណាព្យាបាលគ្រប់រូប ត្រូវណែនាំ និងហាមឃាត់កូនចៅតូចៗជាដាច់ខាត មិនឱ្យចុះលេងទឹកជំនន់ឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹក ឬប្រឈមមុខនឹងសត្វអសិរពិសផ្សេងៗ៕






