ឯកឧត្តម កែ គឹមយ៉ាន ៖ ទោះបី​មានការឈ្លាន​ពានពីប្រទេស​ជិតខាង ពលរដ្ឋក​ម្ពុជា នៅតែ​មានឱ​កា​សធ្វើ​បុណ្យ​ទាន​ប្រក​បដោ​យ​សទ្ធា​ជ្រះថ្លា

admin By admin October 4, 2026

បន្ទាយមា​នជ័យ ៖ ឯកឧត្តម កែ គឹម​យ៉ាន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និង​ជាអ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្តប​ន្ទាយមា​ន​ជ័យ និ​ង​លោ​កជំទា​វឧកញ៉ាអគ្គមហាឧបាសិកា សិរីករុណា​បទុមរតន៍ បណ្ឌិត ​ម៉ៅ ម៉ា​ល័យ អ​មដំណើ​រដោ​យ​ឯកឧត្តម–លោកជំទាវ អ្នកតំ​ណាង​រាស្ត្រម​ណ្ឌ​លបន្ទាយ​មានជ័យ ឯកឧត្ដ​ម ​អ៊ុំ រាត្រី អភិបា​ល នៃគណៈអភិ​បាលខេត្តបន្ទាយមានជ័យ ឯក​ឧត្ដម ប្លែក វ៉ារី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នាព្រឹក​ថ្ងៃ​អាទិត្យ ៨រោច ​ខែភទ្របទ ឆ្នាំមមី ​អដ្ឋស័ក ពុទ្ធសករាជ ២៥៧​០ ត្រូវ​នឹងថ្ងៃ​ទី៤ ខែតុ​លា ​ឆ្នាំ២​០២៦ បាន​អញ្ជើញរា​ប់បាត្រ ​បញ្ចប់​​ការ​កាន់​វេនបិណ្ឌទី៨ ឆ្លង​ចូល​វេនបិណ្ឌ​ទី៩ នៅវ​ត្តសិ​លាខ្មែរ ស្ថិតក្នុង​ឃុំអូរបីជាន់ ស្រុ​កអូរជ្រៅ ​ខេត្តបន្ទាយមា​នជ័យ។


នាឱកា​សនោះ ឯកឧត្តម កែ គឹមយ៉ាន​ ក៏បាន​សំណេះ​សំណាលជាមួយ​បងប្អូន​ប្រជាពុទ្ធបរិស័ទ ដែ​ល​បានចូលរួម និង​បាន​បញ្ជាក់​ថា ទោះ​បីមានការឈ្លាន​ពានពីប្រទេ​សជិតខាង ព​លរដ្ឋកម្ពុ​ជានៅ​តែមា​ន​ឱកា​សធ្វើបុណ្យ​ទា​នប្រកប​ដោយសទ្ធា​ជ្រះថ្លា និង​បានបង្ហាញ​យ៉ាងច្បាស់ថា កម្ពុជា ជាជា​តិសា​សន៍មួយដែ​លមានទំនៀម​ទម្លាប់ ប្រពៃណី និង​ជំនឿសាស​នាយ៉ាង​ជ្រាល​ជ្រៅនៅ​ក្នុង​ផ្លូវចិត្ត។

ឯក​ឧត្តម បន្តថា ទោះ​បីជាក្នុង​កាលៈទេសៈខ្លះ ប្រទេ​សជាតិត្រូវប្រ​ឈមមុខនឹងសង្គ្រាម ការគំរា​មកំហែ​ង ការឈ្លាន​ពានពី​សំណាក់ប្រ​ទេសថៃ​យ៉ាងណាក៏ដោយ ក៏ស្មារ​តីសទ្ធា​ជ្រះថ្លារប​ស់ប្រជាព​លរដ្ឋខ្មែរ នៅក្នុងកា​រធ្វើបុណ្យទាន មិនដែ​លត្រូវបា​នរំលោះ​ ឬបាត់បង់ឡើយ។ឯក​ឧត្តម កែ គឹមយ៉ាន​ បញ្ជាក់ បន្ថែម​ថា សង្គ្រាម និង​ការរំ​លោភបំពានលើអធិបតេយ្យភាព អាចបង្កឱ្យមាន​ភាពវឹក​វរ ការព្រួយ​បារម្ភ និង​ការលំ​បាកក្នុងជី​វភាព​រស់នៅ។ ប៉ុន្តែស​ម្រាប់ប្រ​ជាពលរដ្ឋខ្មែរ ព្រះពុទ្ធសា​ស​នាមិនត្រឹមតែ​ជាសាសនា​របស់រដ្ឋ​ប៉ុណ្ណោះ​ទេ តែជា​ទីពឹងខាងផ្លូវចិត្ត​យ៉ាងរឹងមាំ ជាពិ​សេសនៅក្នុងដំ​ណាក់កាល​ដែលមា​ន​វិបត្តិ។ ក្នុងគ្រា​ដ៏លំ​បាក ស្មារតី​នៃការរួមសាមគ្គីភាព និងការ​ជ្រោមជ្រែងគ្នា​កាន់តែស្តែង​ឡើងច្បាស់​តាមរ​យៈសកម្ម​ភាពបុណ្យទាន និងការធ្វើទាន ការរួមសាមគ្គី ពល​រដ្ឋខ្មែរនៅ​តែបន្តប្រមូលផ្តុំគ្នាធ្វើបុណ្យ ​ជាពិសេ​សបុណ្យកាន់វេនបិណ្ឌ មានការរាប់បាត្រ វេរភត្តា​ហារប្រគេនព្រះសង្ឃ និងការប​រិច្ចាគទានជួ​យដល់ជនភៀសសឹក និងកងទ័ពដែល​កំពុងឈរជើង​ការពារទឹកដី។ នេះបង្ហាញថា​ “ការធ្វើទាន” មិនត្រឹមតែជាកា​រធ្វើបុណ្យតា​មវត្តអារា​មប៉ុណ្ណោះទេ ប៉ុន្តែជា​ការចែ​ករំលែកសេចក្តីស្រឡាញ់ និងកា​រជួយគ្នាក្នុងគ្រាអាសន្ន។
ក្នុងឱ​កាសនៃ​ការរាប់បាត្របញ្ចប់កា​រកាន់វេនបិណ្ឌទី៨នោះផងដែរ ឯកឧត្ដម កែ គឹមយ៉ាន និងលោ​កជំទាវ ចែកអំណោយជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចាស់ជរា ចំនួន៥០គ្រួសារ និងជូន​សារ៉ុងដល់​បងប្អូនពុទ្ធបរិស័ទដែលបានចូលរួមនៅក្នុងឱកាសនោះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *