រដ្ឋបាលស្រុកត្រាំកក់ រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន
ខេត្តតាកែវ៖លោក សួន សុធា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ស្រុក និងឃុំ (២០២៧-២០២៩) ។សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំរដ្ឋបាលស្រុកត្រាំកក់នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងស្រុក, តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត, នាយក-នាយករងរដ្ឋបាលសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក, មេឃុំ, ក្រុមប្រឹក្សាឃុំទទួលបន្ទុកគណៈកម្មាធិការកិច្ចការស្ត្រី និងកុមារ (គ.ក.ន.ក), ស្មៀនឃុំគ្រប់ឃុំ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងតំបន់ផងដែរ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរប្រភពធនធាន និងសម្របសម្រួលគម្រោងវិនិយោគអាទិភាពនានារបស់រដ្ឋបាលស្រុក និងឃុំ ឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងផែនការអភិវឌ្ឍន៍របស់ក្រសួង មន្ទីរ-អង្គភាពជំនាញ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕



