កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ ទោស(កាត់ម៉ាស៊ីនត្រជាក់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ហាន គឹមសួង ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានចុះល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លុះនៅវេលាម៉ោង០២និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងយើងល្បាតដល់ចំណុចមណ្ឌល៤ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ប្រទះឃើញជនសង្ស័យម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងបានហៅមកសួរនាំភ្លាមៗ ហើយបានរកឃើញកន្ទុយម៉ាស៊ីនត្រជាក់ម៉ាក មេឌៀ ចំនួន០១គ្រឿង,ដង្កាប់ ចំនួន០១,កូនសោរ រាងមូលអក្សរL ចំនួន០១ ហើយនាំកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យម្នាក់នោះឈ្មោះ ស៊ ម៉េងហូរ ភេទប្រុស អាយុ ២៣ឆ្នាំ ក្រោយឃាត់ខ្លួននិងសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានដើរលួចដោះយកកន្ទុយម៉ាស៊ីនត្រជាក់ជារឿយៗក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីយកទៅលក់យកលុយទៅទិញគ្រឿងញៀនមកប្រើប្រាស់ពិតប្រាដកមែន។ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕


