កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន ១៤១២គ្រួសារ នៅក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុប១៤១២គ្រួសារស្ថិតនៅសង្កាត់ផ្សារកណ្ដាលនិងសង្កាត់អូរជ្រៅនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម យូឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងរហ័សនៅក្នុងក្រុងប៉ោយប៉ែតប៉ុន្មានថ្ងៃមុននេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចំនួន ១៤១២ គ្រួសារមានការលិចលង់ផ្ទះសំបែងនិងបង្ខំចិត្តរកទីទួលសុវត្ថិភាពដើម្បីរស់នៅបណ្ដោះអាសន្ន ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ស្ថានភាពទឹកបានចុះស្រកជាបណ្ដើរៗហើយ ហើយចំពោះប្រជាពលរដ្ឋមួយចំនួនក៏បានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយដែរ ដោយឡែកសម្រាប់ក្រុងសិរីសោភ័ណ្ឌនិងស្រុកមង្គលបុរីស្ថានភាពទឹកកំពុងហក់ឡើងធ្វើឱ្យលិចលង់ផ្ទះសំបែង សាលារៀន និងវត្តអារាមជាដើម។
ឯកឧត្តម យូ ឡាណា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចនិងលោកជំទាវបណ្ឌិតតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ។
ឯកឧត្តម យូ ឡាណា បានមានប្រសាសន៍បន្តថា កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយចំពោះការផ្ដល់នូវអំណោយមនុស្សធ៌មនាថ្ងៃនេះគឺមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ទីណាបងប្អូនជួបការលំបាករងគ្រោះដោយប្រការផ្សេងៗគឺមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ដោយមិនទុកឲ្យបងប្អូនណាម្នាក់ចោលនោះឡើយ”ខ្មែរជួយខ្មែរ” ក្នុងសកម្មភាពរបស់កាកបាទក្រហមកម្ពុជាមានន័យនឹងឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីស្មារតីសាមគ្គីភាពវប្បធម៌ចែករំលែក ជាការបង្ហាញពីសេចក្តីស្រឡាញ់ ភាពស្និទ្ធស្នាលនិងការអាណិតអាសូររវាងជនជាតិខ្មែរដូចគ្នា ដោយមិនបោះបង់គ្នាចោលក្នុងគ្រាលំបាកឬពេលជួបគ្រោះធម្មជាតិដូចជាទឹកជំនន់ខ្យល់កន្ត្រាក់ជាដើម។ជាចុងក្រោយឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ធ្វើការអនាម័យបរិស្ថានឲ្យបានល្អស្អាតដើម្បីសុខភាពនិងហាមប្រាមកូនចៅកុំឱ្យលេងទឹកក្រែងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។គួរបញ្ជាក់ផងដែរថាអំណោយមនុស្សធម៌ដែលបានយកមកចែកជូនបងប្អូនរងគ្រោះដោយទឹកជំនាន់នាថ្ងៃនេះដោយមួយគ្រួសារមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មីជាតិមួយកេះ ត្រីខមួយយួរទឹកស៊ីអ៊ីវមួយយួរនិងឃីតមួយកញ្ចប់៕














